មនុស្សគ្រប់ៗរូបតែងតែប៉ងប្រាថ្នាឲ្យខ្លួនឯង អាចរកប្រាក់បានច្រើនក្លាយជាមហាសេដ្ឋី ហើយមានមុខមាត់នៅក្នុងសង្គម ដោយមិនចូលចិត្តធ្វើការងារដែលលំបាក និងខិតខំប្រឹងប្រែងដើម្បីសម្រេចបាន អាចនិយាយបានថា មិនចូលចិត្តការងារ ធ្វើការខ្លាចហត់ តែចង់បានលទ្ធផលល្អ។ ដោយទទួលបានបទពិសោធ និងជំនាញរបស់សហគ្រិនដែលទទួលបានជោគជ័យចំនួន ៣រូប ខាងក្រោមនេះ នឹងផ្តល់ការណែនាំដល់អ្នកក្នុងការធ្វើការដោយមិនចាំបាច់មានអារម្មណ៍ស្ត្រេសចំពោះការងារ៖
១. Mark Zuckerberg៖ ជាទូទៅសម្រាប់មនុស្សការធ្វើការប្រៀបបានដូចជាភារកិច្ចដ៏ធំមួយដូចជាការរត់ម៉ារ៉ាតុន ឬ ឡើងភ្នំអេវឺរ៉េស ដោយពួកគេតែងតែចំណាយពេលយ៉ាងហោចណាស់មួយសប្ដាហ៍ ដើម្បីរៀបចំការងារដ៏សាមញ្ញមួយឲ្យបាន ៧០% ហើយដល់ពេលដែលត្រូវធ្វើគ្រាន់តែបន្ថែម ៣០% ទៀតប៉ុណ្ណោះ ធ្វើបែបនេះមិនត្រឹមត្រូវទេ ការធ្វើការគួរតែសប្បាយរីករាយជាងនេះ។ ដោយឡែកចំពោះ Mark Zuckerberg អ្នកជំនួញវ័យក្មេងមិនដែលចំណាយពេល ២៤ ម៉ោងដើម្បីធ្វើការងារនោះទេ ដោយគាត់មានរូបមន្តដ៏សាមញ្ញមួយក្នុងការបំពេញការងាររបស់គាត់ ដោយមិនធ្វើឲ្យមានអារម្មណ៍បះទង្គិចពីកាងារ។ គាត់តែងតែចាប់ផ្តើមជាមួយនឹងការងារដែលងាយស្រួលបំផុតជាជាងការលំបាក ដោយគាត់បាននិយាយថា « ខ្ញុំគិតថាច្បាប់សាមញ្ញមួយនៃអាជីវកម្ម គឺប្រសិនបើអ្នកធ្វើអ្វីដែលងាយស្រួលជាងមុន នោះអ្នកពិតជាអាចរីកចម្រើនបាន »។
២. Sean Lourdes៖ វិធីសាស្រ្តដ៏ល្អមួយដែលអាចធ្វើឲ្យការងាររបស់អ្នកកាន់តែទទួលបានភាពសប្បាយរីករាយ គឺជាការបើកចិត្តឲ្យទូលាយ និងផ្ដល់ការចែករំលែកឲ្យបានច្រើន។ អ្នកខិតខំប្រឹងប្រែងធ្វើការ ដើម្បីរកប្រាក់ឲ្យបានច្រើន ប៉ុន្តែកុំបណ្ដោយឲ្យប្រាក់ក្លាយជាគោលដៅចុងក្រោយរបស់អ្នក មានន័យថាអ្វីដែលជាគោលដៅចុងក្រោយនោះ គឺការបម្រើអតិថិជនរបស់អ្នក។ ដូច្នេះការបើកចិត្តឲ្យទូលាយ និងជួយឲ្យអ្នកអាចបម្រើអតិថិជនបានល្អប្រសើរជាងមុន ជាពិសេសអាចរកប្រាក់បានច្រើនតាមវិធីនេះ ដោយគ្រាន់តែចាប់ផ្ដើមការចែករំលែក និងផ្ដល់ជូនឲ្យបានច្រើន ជាងការទទួលបានរបស់អ្នកទៅកាន់អតិថិជន។

៣.Robin Sharma៖ មនុស្សជាច្រើនតែងតែធ្វើការងារមួយដែលពួកគេមិនពេញចិត្ត ឬ ការងារដែលពួកគេស្អប់ ដោយសារតែរងការបង្ខិតបង្ខំពីកត្តាជាច្រើន ដែលជាហេតុធ្វើឲ្យពួកគេនឹងធ្វើសង្រ្គាមជាមួយអតិថិជនដោយការផ្ដល់សេវាកម្មមិនបានល្អ។ ដោយយោងតាមអ្នកជំនាញខាងផលិតកម្ម Robin Sharma បាននិយាយថា « ត្រូវចាត់ទុកការងាររបស់អ្នកជាអាជីពមួយ » ដោយគាត់បានពន្យល់ថាប្រសិនបើអ្នកចាត់ទុកការងារគ្រាន់តែជាអ្វីដែលចាំបាច់ត្រូវធ្វើ អ្នកមិនអាចរកតម្លៃ អត្ថន័យ និងចំណង់ចំណូលចិត្តក្នុងអ្វីដែលអ្នកធ្វើបានទេ។ ជាពិសេសអ្នកមិនអាចផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់អ្នកបានទេ ដូច្នេះសូមគិតថាការងាររបស់អ្នកជាឱកាសមួយផ្សេងទៀត ដើម្បីអនុវត្តអាជីវកម្មរបស់អ្នក៕

អត្ថបទ៖ លីនី


