ជាការពិតណាស់មនុស្សម្នាក់ៗ មិនអាចគេចផុតពីការប្រព្រឹត្តខុស ហើយមានការសោកស្ដាយនៅក្នុងជីវិតនោះទេ រហូតដល់ពេលខ្លះកំហុសអាចធ្ងន់ធ្ងររហូតក្លាយជាវិប្បដិសារីទៀតផង ជាក់ស្ដែងបើយើងក្រលេកទៅមើលបុគ្គលល្បីៗជាច្រើនសុទ្ធតែមានការសោកស្ដាយ នូវអ្វីដលពួកគេបានធ្វើកន្លងមកដោយមិនអាចជៀសបាន។ ជាមួយគ្នានេះដែរមហាសេដ្ឋីលំដាប់ទី២ លើពិភពលោកដែលមានទ្រព្យសម្បត្តិសរុបចំនួន ១០៧ ពាន់លានដុល្លារលោក Bill Gates បានបង្ហាញពីកំហុសដ៏ធំមួយនៅក្នុងជិវិតរបស់គាត់ ដែលបណ្ដោយឲ្យ Google បង្កើតប្រព័ន្ធប្រតិបត្តិការ Android ដែលជាគូប្រជែងស្មាតហ្វូនធំបំផុតរបស់ក្រុមហ៊ុន Apple មុនពេលក្រុមហ៊ុន Microsoft អាចអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័តបាន។
ដោយលោកបាននិយាយថា ” គាត់បានបន្ទោសខ្លួនឯង ចំពោះការគ្រប់គ្រងដោយផ្ទាល់របស់ខ្លួនមិនបានល្អ ដោយមិនបានណែនាំក្រុមការងាររបស់គាត់ ដើម្បីចាប់យកឪកាសមួយនេះ ហើយការមិនឲ្យតម្លៃ និងមើលស្រាលចំពោះ Google របស់ក្រុមហ៊ុន Microsoft កាលពីឆ្នាំ ២០០០ ដែលបណ្ដោយឲ្យ Google អាចឈានទៅមុខបានរហូតមកទល់បច្ចុប្បន្ន ហើយក្លាយជាអ្នកឈ្នះនៅគ្រប់ទីផ្សារទាំងអស់ ដែលធ្វើឲ្យក្រុមហ៊ុន Microsoft មិនទទួលបានដូចអ្វីដែលប្រព័ន្ធប្រតិបត្តិការ Android ទទួលបាន។ លោកក៏បានបន្ថែមទៀតផងដែរថា ឥឡូវនេះមានតែប្រព័ន្ធប្រតិបត្តិការមួយប៉ុណ្ណោះ (Android) ដែលអាចតតាំងជាមួយប្រព័ន្ធប្រតិបត្តិការរបស់ Apple បាន ហើយវាមានតម្លៃរហូតដល់ ៤០០ ពាន់លានដុល្លារ។ លោក Bill Gates បានបញ្ជាក់ទៀតថា ប្រសិនពីមុនលោកដើរផ្លូវត្រូវ កុំអីឥលូវនេះក្រុមហ៊ុន Microsoft នឹងក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូលនាពេលបច្ចុប្បន្នបាត់ទៅហើយ៕
អត្ថបទ៖ លីនី


