កាលពីថ្ងៃច័ន្ទកន្លងទៅនេះក្រុមហ៊ុន Apple បានប្រកាសពីផែនការដែលកំពុងតែពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងទីក្រុង Seattle ដោយបើកការិយាល័យដែលមានទំហំជាង ៦០,៣៨៦ ម៉ែត្រការ៉េនៅក្នុងឆ្នាំនេះ ហើយបង្កើនបុគ្គលិករហូតដល់ ២០០០នាក់ក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត និងបុគ្គលិកចំនួន ២០០នាក់ នឹងត្រូវបានបន្ថែមនៅចុងឆ្នាំនេះ ដោយយោងតាមការប្រកាសរបស់លោកស្រី Kristina Raspe ប្រធានក្រុមហ៊ុន Apple Global Real Estate & Facilities នៅឯសន្និសីទកាសែតមួយដែលរៀបចំឡើងដោយលោក Jenny Durkan អភិបាលក្រុង Seattle។
លោកស្រីបានឲ្យដឹងទៀតថា “នៅក្រោមផែនការនេះទីក្រុង Seattle នឹងក្លាយជាមជ្ឈមណ្ឌលវិស្វកម្មដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Apple ដោយមានមុខតំណែងថ្មីៗដែលបានចែកចាយនៅក្នុងវិស័យជំនាញវិស្វកម្មជាច្រើនរួមមាន ផ្នែកបច្ចេកវិទ្យា hardware software និងសេវាកម្ម ហើយយើងកំពុងធ្វើការជ្រើសរើសយ៉ាងសកម្មសម្រាប់ក្រុមរបស់យើងជាច្រើនរួមទាំងមុខតំណែងវិស្វកម្មសម្រាប់ iCloud “។ ជាមួយគ្នានេះដែរ សន្និសីទនេះត្រូវបានធ្វើឡើងនៅ Dexter ៣៣៣ ដែលនឹងក្លាយជាការិយាល័យថ្មីរបស់ក្រុមហ៊ុន Apple នៅទីក្រុង Seattle ដោយអចលនទ្រព្យនេះត្រូវបានគេនិយាយថានឹងក្លាយជាការិយាល័យក្រុង Seattle សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះបើយោងតាម GeekWire ។ លើសពីនេះយោងតាមកាសែត The Seattle Times បានឱ្យដឹងថាក្រុមហ៊ុន Facebook និងក្រុមហ៊ុន Amazon ត្រូវបានគេបដិសេធថាជាអ្នកកាន់កាប់តំបន់ដ៏មានសក្តានុពលនេះ ដោយទីតាំងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Amazon នៅតំបន់ South Lake Union នៃទីក្រុង Seattle។
បន្ថែមពីនេះទៅទៀតយោងតាមការប្រកាសព័ត៌មាន Kilroy Realty បានឲ្យដឹងថា Dexter ៣៣៣ មានទំហំជាង ៦០,៣៨៦ ម៉ែត្រការ៉េ ដែលមានចំនួន ១២ ប៉មដែលត្រូវបំពាក់ដោយប្រព័ន្ធផលិតថាមពលព្រះអាទិត្យ ១០០% ជាពិសេសអង់តែន ជាប្រភេទ LEED សាងសង់ឡើងពីផ្លាកទីន ដើម្បីរក្សាភាពរឹងមាំ ដោយអគារការិយាល័យរបស់ក្រុមហ៊ុន Apple នឹងមានចំងាយ ៥០០ ម៉ែត្រពីទីអវកាសរបស់ក្រុមហ៊ុន Seattle’s Space Needle ។ គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ ២០១៨ ក្រុមហ៊ុន Apple បានប្រកាសថានឹងសាងសង់អគារថ្មីដោយចំណាយប្រាក់ ១០០០ លានដុល្លារនៅតំបន់ Austin រដ្ឋ Texas ដែលមានបន្ទប់សម្រាប់បុគ្គលិកចំនួន ១៥,០០០នាក់ ហើយសន្យាសាងសង់ទីតាំងថ្មីមួយទៀត ដែលមានចំនួនបុគ្គលិកសរុប ១០០០នាក់ នៅក្នុងទីក្រុងមុនឆ្នាំ ២០២២ ផងដែរ៕

អត្ថបទ៖ លីនី


