មហាសេដ្ឋី Jack Ma ប្រាប់ពីមូលហេតុ ដែលលោកនិយាយថា « ការងារដំបូងរបស់អ្នក គឺសំខាន់ »
បុគ្គលជោគជ័យ June 28, 2019 Chan Sreyny

ជាទូទៅមនុស្សគ្រប់រូបគិតថាការងារដំបូង មិនសូវជាសំខាន់ និងអាចជួយបំផុសគំនិតបានច្រើននោះទេ ប៉ុន្តែបើយោងតាមលោក Jack Ma សហស្ថាបនិកក្រុមហ៊ុន Alibaba វានឹងក្លាយជារឿងសំខាន់បំផុតសម្រាប់អ្នក ដោយលោកបានប្រាប់ទៅកាន់មនុស្សជំនាន់ក្រោយ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសថា « ការងារដំបូងរបស់អ្នក គឺសំខាន់បំផុត »។ ដោយលោកបានពន្យល់ថា ការងារទាំងនោះមិនមែនមានន័យថាជាការងារក្នុងក្ដីស្រមៃ ឬ ការងារដែលអ្នកចូលចិត្តឡើយ តែជាការងារមួយដែលអ្នកអាចរៀន ពីអ្នកដទៃ និង ស្វែងយល់ពីខ្លួនឯង។

លោកក៏បានបន្តថា ស្វែងរកកាងារមិនចាំបាច់ត្រូវតែជាក្រុមហ៊ុនដែលមានឈ្មោះល្បីនោះទេ តែអ្នកគួរតែស្វែងរកថៅកែល្អ ដែលអាចបង្រៀនអ្នកពីរបៀបក្លាយខ្លួនជាមនុស្ស របៀបធ្វើរឿងដែលត្រឹមត្រូវ និងរបៀបក្នុងការសម្រេចបានជោគជ័យ ហើយនៅពេលដែលអ្នកគិតថាអ្នកទទួលបានគ្រប់ចំណុចទាំងនេះហើយអ្នកគួរតែនៅទីនោះយ៉ាងហោចណាស់រយៈពេល ៣ឆ្នាំ ដើម្បីស្វែងយល់ពីភាពខ្លាំង និងកន្លែងដែលអ្នកចង់បញ្ចប់ ព្រោះអ្វីៗគ្រប់យ៉ាងសុទ្ធតែត្រូវការពេលវេលា បន្ទាប់មកអ្នកត្រូវចាប់ផ្តើមផ្លាស់ប្តូរដើម្បីស្វែងរកអ្វីដែលល្អសម្រាប់អ្នក។

ជាមួយនឹងមូលហេតុដែលធ្វើឲ្យលោកយល់ឃើញបែបនេះ ព្រោះតែបទពិសោធន៍កន្លងមករបស់ខ្លួនដែលបានចាប់ផ្តើមអាជីពជាគ្រូបង្រៀនភាសាអង់គ្លេសនៅទីក្រុងហាំងចូវ ប្រទេសចិន មុនពេលធ្វើការរួមគ្នាជាមួយសហស្ថាបនិកជាច្រើននៅចុងទសវត្សរ៍ ៩០ ដើម្បីបង្កើតអ្វីដែលនឹងក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតមួយរបស់ពិភពលោក។ JacK Ma បាននិយាយថាការងារបង្រៀនបែបនេះបានជួយលោកឲ្យរៀនសម្គាល់មនុស្ស ដែលមានទេពកោសល្យ និងជំរុញពួកគេឲ្យកាន់តែពូកែ។ លោកបានកត់សម្គាល់ថាជំនាញនេះអាចជួយបង្កើត និងគ្រប់គ្រងក្រុមការងារដ៏រឹងមាំនៅក្រុមហ៊ុន Alibaba ៕

អត្ថបទ៖ លីនី​