ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន ធ្វើឲ្យវៀតណាមក្លាយជាប្រទេសនាំមុខគេក្នុងនាមជាអ្នកជំនួញ
សេដ្ឋកិច្ច June 25, 2019 Chan Sreyny

ប្រទេសវៀតណាមកំពុងទទួលបានអត្ថប្រយោជន៍ជាច្រើនពីសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នៅពេលដែលក្រុមហ៊ុនជាច្រើននាំគ្នាផ្លាស់ប្តូរផលិតកម្មមកខ្លួន ដើម្បីចៀសវាងការយកពន្ធរបស់អាមេរិក ច្រើនជាងប្រទេសផ្សេងៗទៀតនៅក្នុងអាស៊ាន សូម្បីតែប្រទេសថៃដែលមានការកើនឡើងក្នុងការនាំចូលទៅកាន់អាមេរិកក៏ស្ថិតក្នុងកម្រិតតិចតួចប៉ុណ្ណោះបើប្រៀបធៀបជាមួយវៀតណាម។ ជាមួយគ្នានេះដែរ​នៅក្នុងសេចក្ដីថ្លែងការណ៍​ក្នុងវេទិកា CLMVT ឆ្នាំ ២០១៩ នេះបានឲ្យដឹងថា ថាក្រុមហ៊ុនចំនួន ៣៧% កំពុងពិចារណាផ្លាស់ប្តូរខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេ ខណៈដែល ៤០% ទៀតកំពុងពិចារណាពីការផ្លាស់ប្តូរទៅកាន់ប្រទេសអាស៊ាន ដែលបានស្ទង់មតិដោយ ក្រុមហ៊ុន JP Morgan Securities Singapore Private Ltd។

យោងតាមតួលេខស្ថិតិរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា កំណើនពាណិជ្ជកម្មប្រទេសថៃកើនឡើង ៥.៩៨% (១៥,០៩ ពាន់លានដុល្លារ) នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០១៩ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ខណៈពេលដែលពាណិជ្ជកម្មរបស់វៀតណាមបានកើនឡើងដល់ ៣៤.៩៣% (២៤,០៦ ពាន់លានដុល្លារ) ក្នុងរយៈពេលដូចគ្នា។ លើសពីនេះខណៈពេលដែលវៀតណាមបានមើលឃើញពីការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញទៅកាន់សហរដ្ឋអាមេរិកនោះ ប្រទេសថៃបានមើលឃើញតែផលចំណេញតិចតួចនៃកំណើនទាំងនោះប៉ុណ្ណោះ។

បន្ថែមពីនេះទៅទៀតនៅក្នុងកិច្ចប្រជុំគណៈកម្មការពាណិជ្ជកម្មនៃបណ្តាប្រទេស CLMT បានស្វែងយល់ពីគំរូល្អរបស់វៀតណាម ដែលខិតខំជំរុញពាណិជ្ជកម្មក្នុងតំបន់ មិនមែនពឹងផ្អែកទៅលើតែការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងចិនប៉ុណ្ណោះទេ​។ ដូច្នេះហើយទើបបណ្ដាប្រទេសផ្សេងៗដូចជា កម្ពុជា ឡាវ នឹងត្រូវរៀនសូត្រពីវៀតណាម ដើម្បីទទួលបានការទាក់ទាញការវិនិយោគពីបរទេស ខណៈពេលដែលប្រទេសថៃបានដាក់ចេញនូវចក្ខុវិស័យដ៏ធំមួយស្តីពី ទំនាក់ទំនងអាស៊ានដែលតភ្ជាប់គ្នាជាមួយផ្លូវហាយវ៉េ ភ្ជាប់ប្រទេសវៀតណាមជាមួយឥណ្ឌា ជាមួយចិនជាមជ្ឈមណ្ឌលកណ្ដាល ដោយខ្សែសង្វាក់តម្លៃដែលបានមកពីការភ្ជាប់គ្នានេះនឹងជួយលើកកម្ពស់វិស័យជាច្រើន៕

អត្ថបទ៖ លីនី