ភាពជោគជ័យមិនមែនជារឿងដែលកើតឡើងមកដោយងាយងាយនោះទេ ហើយឪកាសដែលអាចចាប់យកភាពជោគជ័យក៏មិនមានច្រើនដែរ ប៉ុន្តែមានរឿងតិចតួចដែលអ្នកអាចធ្វើជាប្រចាំថ្ងៃដើម្បីធានាថាអ្នកអាចសម្រេចគោលដៅរបស់ខ្លួនបាន ដោយគន្លឹះសំខាន់ គឺត្រូវរក្សាភាពអត់ធ្មត់ និងប្តេជ្ញាចិត្ត។ ជាក់ស្ដែងបុគ្គលជោគជ័យ និងមេដឹកនាំដ៏ល្បីល្បាញដូចជាលោក Warren Buffett លោក Elon Musk និងលោក Bill Gates បានបង្ហាញពីគន្លឹះសាមញ្ញៗ ៦ យ៉ាងដែលពួកគេអនុវត្តជាប្រចាំថ្ងៃដើម្បីសម្រេចបានជោគជ័យ៖
១.អានសៀវភៅដែលមិនទាក់ទង នឹងអាជីពរបស់អ្នក៖ ការអានគឺជាមធ្យោបាយមួយដែលងាយស្រួលបំផុតដើម្បីទទួលបានទស្សនវិស័យមួយផ្សេងទៀតពីជីវិត និងបង្កើតការយល់ចិត្តដែលត្រូវការដើម្បីក្លាយជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព ប៉ុន្តែវាសំខាន់ណាស់ដើម្បីពង្រីកចំណេះដឹងរបស់អ្នកលើសពីជំនាញរបស់អ្នក។ ទាំងនេះហើយដែលធ្វើឲ្យ Elon Musk បញ្ចូលទាំងការប្រឌិតវិទ្យាសាស្រ្ត និងជីវប្រវត្ដិដែលជាចំណុចសំខាន់មួយចំនួននៅក្នុងបញ្ជីការអានរបស់លោក ” ខ្ញុំមានថ្ងៃនេះដោយសារតែសៀវភៅ បន្ទាប់ពីសៀវភៅមកគឺឪពុកម្តាយរបស់ខ្ញុំ “។
២.ធ្វើឲ្យបែកញើស៖ ត្រង់ចំណុចនេះមិនមែនសំដៅពីការទៅសូណា ឬហាត់យូហ្គានោះទេ តែសំដៅទៅលើការអភិវឌ្ឍភាពក្លាហាន ដើម្បីធ្វើអ្វីមួយក្រៅពីរឿងដែលអ្នកធ្លាប់សម្រេចបាន គឺជាសញ្ញាមួយដែលអ្នកកំពុងបង្កើនកម្រិត បើមិនដូច្នោះទេអ្នកនឹងមិននៅឆ្ងាយទេ។ ដូចនេះប្រសិនបើអ្នកស្អប់អ្វីមួយ អ្នកត្រូវធ្វើវា ប្រសិនបើអ្នកអាចធ្វើវាបាន រឿងផ្សេងៗទៀតច្រើនកាន់តែងាយស្រួលសម្រាប់អ្នក ហើយត្រូវចាំថា ភាពភ័យខ្លាច និងការរីកចម្រើនមិនអាចមាននៅក្នុងកន្លែងតែមួយទេ ដូច្នេះត្រូវតែចាកចេញដើម្បីឱ្យមានការរីកចំរើន។
៣. ការហាត់ប្រាណ៖ នៅក្នុងការសិក្សារបស់អ្នកនិពន្ធ Tom Corley បានរកឃើញថាការធ្វើលំហាត់ប្រាណ គឺជារឿងធម្មតាសម្រាប់មនុស្សទូទៅ ដោយលោកបាននិយាយថា « អ្នកដែលមានទម្លាប់អនុវត្តហាត់ប្រាណមានគុណសម្បត្តិប្រកួតប្រជែងខ្លាំង ជាងអ្នកដែលមិនមានទម្លាប់ ដោយគុណសម្បត្តិទាំងនោះរួមមាន IQ ខ្ពស់ មានឆន្ទៈខ្ពស់ មានទំនុកចិត្ត និងមានថាមពលលើសពីធម្មតា ២០%។ ដូច្នេះហើយទើបមហាសេដ្ឋីមួយចំនួនដូចជា Oprah Winfrey Sheryl Sanberg និង Richard Branson រួមបញ្ចូលការធ្វើលំហាត់ប្រាណទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ។
៤. ការចេះចែករំលែក៖ មនុស្សដែលទទួលបានជោគជ័យពិតប្រាកដ គឺយល់ពីសារៈសំខាន់នៃការចែករំលែកនូវអ្វីដែលពួកគេទទួលបាន ទៅឲ្យអ្នកដទៃជាពិសេសដល់អ្នកដែលខ្វះខាត។ ជាក់ស្ដែងនៅក្នុងឆ្នាំ ២០១០ លោក Bill Gates និងលោក Warren Buffett បានចាប់ផ្តើមធ្វើការអះអាងដែលជាការប្តេជ្ញាចិត្តរបស់ពួកគេ និងគ្រួសារដោយចំណាយទ្រព្យសម្បត្តិច្រើនជាងពាក់កណ្តាលនៃទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងសុខភាពពិភពលោក ប៉ុន្តែការចែករំលែកនេះមិនមែនចាំបាច់តែពេលមានលុយច្រើននោះទេ តែអាចជាទឹកចិត្តក្នុងការជួយយកអាសារមនុស្សនៅជុំវិញខ្លួនក៏ជាផ្នែកមួយផងដែរ។

៥.ចំណាយពេលតិចតួចដើម្បីចងចាំការប្រកួតប្រជែង៖ ការខឹងសម្បារ និងការចងគំនុំ អាចធ្វើឲ្យអ្នកមានកំហុសធ្ងន់ធ្ងរ ប៉ុន្តែការទទួលស្គាល់ការប្រកួតប្រជែង និងការសង្ស័យរបស់អ្នកអាចជាទម្រង់នៃការលើកទឹកចិត្តដ៏មានឥទ្ធិពល ដែលវាជំរុញឲ្យអ្នកធ្វើអ្វីៗគ្រប់យ៉ាងដោយអំណាចរបស់អ្នកដើម្បីជោគជ័យ ដូច្នេះហើយបានជា Michael Jordan ដែលជាកីឡាករបាល់បោះដ៏ល្បីមួយរូបបាននិយាយថា « ខ្ញុំលេងដើម្បីឈ្នះមិនថាក្នុងកំឡុងពេលហ្វឹកហាត់ ឬ ការប្រកួតពិតប្រាកដ ហើយខ្ញុំនឹងមិនអនុញ្ញាតឱ្យមានអ្វីកើតឡើងមកលើរូបខ្ញុំ និងការប្រកួតប្រជែងរបស់ខ្ញុំដើម្បីឈ្នះនោះទេ»។

៦.ដើរចេញទៅក្រៅ ហើយគិតដើម្បីបំផុសគំនិត៖ បច្ចុប្បន្នមនុស្សជាច្រើនតែងតែចំណាយពេលជាច្រើនជាមួយនឹងទូរស័ព្ទដៃរបស់ពួកគេ តែផ្ទុយស្រឡះពីអ្វីដែលបុគ្គលជោគជ័យដូចជាលោក Mark Zuckerberg លោក Richard Branson និងនាយកប្រតិបត្តិក្រុមហ៊ុន Google និង LinkedIn តែងតែធ្វើ ដោយពួកគេចូលចិត្តចំណាយពេលចេញទៅក្រៅ ដើម្បីបង្កើនការបំផុសគំនិតថ្មីៗ សម្រាប់រៀបចំកិច្ចប្រជុំរបស់ពួកគេ។ ជាក់ស្ដែងការសិក្សាមួយពីសមាគមចិត្តសាស្រ្តអាមេរិកបានរកឃើញថាការដើរនៅខាងក្រៅអាចបង្កើនការច្នៃប្រឌិត និងបង្កើនជំនាញដោះស្រាយបញ្ហាផងដែរ៕
អត្ថបទ៖ លីនី


