ភាពជោគជ័យរបស់មនុស្សគ្រប់គ្នាមិនមែនកើតឡើងដោយងាយៗនោះទេ បើមិនមានការខិតខំប្រឹងប្រែង និងការតស៊ូនៅក្នុងជីវិត ជាក់ស្ដែងដូចជាបុគ្គលល្បីៗជាច្រើននៅលើពិភពលោក អាចទទួលបានជោគជ័យ និងមានភាពល្បីល្បាញរហូតមកទល់សព្វថ្ងៃ ដែលត្រូវបានគេទទួលស្គាល់ ហើយយកគំរូតាមក៏សុទ្ធសឹងតែកើតចេញពីការប្រឹងប្រែង ព្យាយាម និងជំនះរាល់ឧបសគ្គនៅក្នុងជីវិតរបស់ពួកគេផងដែរ។ យ៉ាងណាមិញខាងក្រោមនេះជាបុគ្គល្បីៗ ១០រូបដែលធ្លាប់តែជាមនុស្សគ្មានផ្ទះសម្បែង តែលតោលតែជំនះរហូតទទួលបានជោគជ័យដោយខ្លួនឯងទាំងបាតដៃទទេរ៖
១. Sylvester Stallone៖ គឺជាតារាសម្តែងជនជាតិអាមេរិក អ្នកដឹកនាំរឿង អ្នកសរសេររឿង និងអ្នកផលិត ដោយមុនពេលដែលលោកទទួលបានភាពល្បីល្បាញលោកធ្លាប់ជាមនុស្សដែលគ្មានផ្ទះសម្បែង មានត្រឹមតែឆ្កែមួយក្បាលប៉ុណ្ណោះ តែលោកត្រូវសម្រេចចិត្តលក់ឆ្កែជាទីស្រលាញ់របស់ខ្លួន ដើម្បីប្ដូរនឹងប្រាក់ ១០០ដុល្លារ ប៉ុន្តែមានបុរសម្នាក់ឲ្យរូបលោកត្រឹមតែ ៥០ដុល្លារ។ លោក Stallone ខូចចិត្តយ៉ាងខ្លាំងនៅពេលដែលបាត់បង់ឆ្កែ ប៉ុន្តែបន្ទាប់ពីមានមនុស្សម្នាក់ទិញ ស្គ្រីបរបស់គាត់សម្រាប់ខ្សែភាពយន្ត Rocky ជាលើកដំបូង Stallone បានទិញឆ្កែត្រឡប់មកវិញក្នុងតំលៃ ៣,០០០ដុល្លារ។
២. Halle Berry៖ គឺជាតារាសម្តែងអាមេរិក ដែលបានឈ្នះពានរង្វាន់ Academy Award សម្រាប់តារាសម្តែងល្អបំផុតនៅក្នុងរឿងមនោសញ្ចេតនា Monster’s Ball ដែលក្លាយជាស្រ្តីតែម្នាក់គត់នៃជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកដែលបានឈ្នះពានរង្វាន់នេះ។ បន្ទាប់ពីការផ្លាស់ប្ដូរមកនៅ ទីក្រុងឈីកាហ្គោដើម្បីបន្តក្តីសុបិន្ត Halle Berry ត្រូវបានម្ដាយរបស់នាងបង្ខំឲ្យរស់នៅធ្វើជាមនុស្សដែលមិនមានផ្ទះសម្បែង តែលតោល ព្រោះគាត់គិតថា វាជាវិធីល្អសម្រាប់នាងក្នុងការរៀនរស់នៅដោយខ្លួនឯង។

៣. Jim Carrey៖ គឺជាតារាកំប្លែងជនជាតិកាណាដា កាត់អាមេរិក អ្នកសរសេររឿង អ្នកនិពន្ធ អ្នកផលិត សិល្បករវិចិត្រករ និងអ្នកគូររូបថ្លុក មុនពេលក្លាយជាតារាកំប្លែងរឿងព្រេងនិទានលោក Jim Carrey បានបោះបង់ការសិក្សានៅវិទ្យាល័យក្នុងស្រុកកំណើតរបស់គាត់នៅ Ontario ប្រទេសកាណាដា ហើយត្រូវរស់នៅក្នុងរថយន្តក្រុង Volkswagen តូចមួយជាមួយគ្រួសារ ដោយលោកខំផ្លាស់ប្ដូរជីវិតរបស់ខ្លួនម្ដងបន្តិចៗរហូតទទួលបានជោគជ័យមកទល់បច្ចុប្បន្ន។

៤.Daniel Craig៖ ជាតារាសម្តែងជនជាតិអង់គ្លេសដ៏ល្បីល្បាញមួយរូប ដោយខ្សែភាពយន្តដំបូងគឺរឿង The Power of One ដោយលោកធ្លាប់ជាមនុស្សដែលមិនមានផ្ទះសម្បែង ប្រើកៅអីនៅក្នុងសួនច្បារជាគ្រែ ខណៈពេលដែលលោកធ្វើជាអ្នករត់តុក្នុងទីក្រុងឡុងដ៍។

៥.Steve Harvey៖ គឺជាតារាកំប្លែង និងជាអ្នកផលិតកម្មវិធីលើទូរទស្សន៍ជនជាតិអាមេរិក ដែលត្រូវរស់នៅក្នុងរថយន្ត Ford Tempo ស៊េរីឆ្នាំ១៩៧៦ របស់ខ្លួនអស់រយៈពេល ៣ ឆ្នាំនៅពេលដែលោកចាប់ផ្ដើមអាជីពជាតារាកំប្លែងដំបូង ហើយក៏ធ្លាប់ធ្វើជាអ្នកសម្អាតបន្ទប់ទឹកសាធារណៈផងដែរ។

៦. Jennifer Lopez៖ ជាតារាចម្រៀង ជាអ្នករាំ និងអ្នកផលិតកម្មវិធីរបស់អាមេរិកដ៏ល្បីល្បាញមួយរូប ដែលមានជីវិតដ៏កំសត់ព្រោះតែកាលវ័យ ១៨ ឆ្នាំ Jennifer បានទាស់គ្នាជាមួយម្ដាយដើម្បីជំនះចង់ក្លាយជាអ្នករាំ រហូតត្រូវចេញពីផ្ទះ ពេលខ្លះស្នាក់នៅគ្រែដ៏តូចមួយនៅក្នុងស្ទូឌីយោរាំដែលនាងបានហ្វឹកហាត់ រហូតបានក្លាយជាអ្នករាំ និងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី In Living Colour និងចាប់ផ្ដើមអាជីពរហូតល្បីល្បាញមកទល់សព្វថ្ងៃ។

៧.Steve Jobs៖ ជាអ្នកជំនួញ និងអតីតសហស្ថាបនិកក្រុមហ៊ុន Apple ដែលមានជីវិតក្នុងការតស៊ូខ្ពស់ ដោយលោកធ្លាប់ឆ្នៃកំប៉ុងកូកា ដើម្បីរកប្រាក់ផ្គត់ផ្គង់ក្នុងការសិក្សា និងរស់នៅ រហូតដល់មិនមានប្រាក់គ្រប់គ្រាន់ទើបត្រូវសម្រេចចិត្តបោះបង់ចោលការសិក្សា។

៨.Hilary Swank៖ ជាតារាសម្តែង និងជាអ្នកផលិតភាពយន្តអាមេរិកដែលបានឈ្នះពានរង្វាន់មាស អូស្ការពីរលើក និងពានរង្វាន់ជាច្រើនទៀត ដែលនៅពីក្រោយភាពជោគជ័យទាំងនេះ Hilary Swank ធ្លាប់មនុស្សដែលគ្មានផ្ទះសម្បែង ប្រើឡានជាផ្ទះដើម្បីរស់នៅជាមួយម្ដាយរបស់នាង អស់រយៈពេលជាច្រើនខែ នៅពេលដែលនាងបានផ្លាស់ប្តូរទៅកាលីហ្វ័រញ៉ាដើម្បីបន្តអាជីពក្នុងការសម្ដែង។

៩.David Letterman៖ ជាអ្នកផលិតកម្មវិធី និងអ្នកនិពន្ធជនជាតិអាមេរិកដ៏ល្បីល្បាញមួយរូប ដែលបានចាប់ផ្តើមអាជីពដំបូង ដោយរូបលោកត្រូវរស់នៅក្នុងរថយន្ត Pickup Chevy ស៊េរីឆ្នាំ ១៩៧៣ មិនយូរប៉ុន្មានអាជីពរបស់លោកបានចាប់ផ្ដើមល្បីល្បាញនៅពេលដែរលោកបាននិពន្ធរឿងកំប្លែងសម្រាប់លោក Jimmy Walker រហូតទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។

១០.James Cameron៖ ជាអ្នកផលិតខ្សែភាពយន្តល្បីៗជាច្រើនដូចជារឿង Titanic និង Avatar ដែលមុនពេលទទួលបានភាពល្បីល្បាញលោកធ្លាប់ជាមនុស្សដែលគ្មានផ្ទះសម្បែង និងរស់នៅក្នុងរថយន្ត ហើយតស៊ូក្នុងជីវិតរហូតទទួលបានជោគជ័យយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។

អត្ថបទ៖ លីនី


