ត្រូវប៉ាន់ទៀតហើយ! វៀតណាម និងកូរ៉េខាងត្បូង ឯកភាពគ្នាលើគោលដៅពាណិជ្ជកម្ម ១០០ពាន់លានដុល្លារ នៅឆ្នាំ ២០២០
សេដ្ឋកិច្ច June 25, 2019 Chan Sreyny

កាលពីពេលថ្មីៗនេះនៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងសេអ៊ូល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Lee Nak yeon ដើម្បីឯកភាពលើការដោះដូរពាណិជ្ជកម្មទ្វេភាគីរហូតដល់ ១០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ ដោយក្នុងឆ្នាំ ២០១៨ មានត្រឹមតែ ៦៥ ពាន់ដុល្លារ រួមជាមួយការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់វៀតណាម។ ជាមួយគ្នានេះដែរក្នុងអំឡុងកិច្ចប្រជុំ ប្រទេសទាំងពីរបានប្តេជ្ញាបន្តលើកកំពស់ថែមទៀតនូវចំណងទាក់ទងទ្វេភាគីនាពេលអនាគតតាមរយៈការសម្របសម្រួលដំណើរទស្សនកិច្ចជាន់ខ្ពស់ ធ្វើជាដៃគូជោគជ័យ ពង្រីកការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងធ្វើការយ៉ាងជិតស្និតជាមួយគ្នាលើបញ្ហាតំបន់ និងសកលលោក។

គួរបញ្ជាក់ផងដែរថាភាគីវៀតណាមបានស្នើភាគីកូរ៉េខាងត្បូងចាត់វិធានការយ៉ាងសកម្ម ក្នុងការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់វៀតណាម ដើម្បីធ្វើឲ្យមានភាពងាយស្រួលដល់ផលិតផលកសិផល និងផលិតផលជលផលរបស់វៀតណាម ចូលក្នុងប្រទេសកូរ៉េខាងត្បូង ជាពិសេសធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងនៃផលិតផលវៀតណាម ហើយនាំទៅកាន់ខ្សែសង្វាក់តម្លៃសកលលោករបស់កូរ៉េខាងត្បូង លើសពីនេះនឹងពង្រីកការងាររួមគ្នាក្នុងវិស័យទេសចរណ៍ផងដែរ។ បន្ថែមពីនេះទៅទៀត មេដឹកនាំរដ្ឋាភិបាលកូរ៉េខាងត្បូងបានសន្យាថានឹងពិចារណាសំណើររបស់វៀតណាមលើការនាំចេញកសិផលទៅកូរ៉េខាងត្បូងក៏ដូចជាប្រាក់កម្ចីពិសេសផងដែរ៕

អត្ថបទ៖ លីនី