ក្រសួងសាធារណការ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ដែលពុំមានលិខិតអនុញ្ញាត ឬមានលិខិតផុតសុពលភាព
អាជីវកម្ម July 13, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យព្រមទាំងមានវិធានការតាមផ្លូវច្បាប់ជាធរមាន ក្នុងករណីដែលក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរទាំងឡាយណា ពុំមានលិខិតអនុញ្ញាតដឹកជញ្ជូនអ្នកដំណើរ ឬមានលិខិតអនុញ្ញាតដឹកជញ្ជូនអ្នកដំណើរផុតសុពលភាព ហើយ មិនបានមកបំពេញ បែបបទ ស្នើសុំចុះបញ្ជី និងសុំអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ឱ្យស្របទៅតាមលិខិតបទដ្ឋានគតិយុត្ត។

តាមរយៈសេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលវិទ្យុជាតិកម្ពុជាទទួលបាន បានឱ្យដឹងថា កន្លងមកនេះ ក្រសួងបានពិនិត្យឃើញ មានក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរមួយចំនួន បាននិងកំពុងតែធ្វើអាជីវកម្មលើមធ្យោបាយដឹកជញ្ជូនរបស់ខ្លួនដោយគ្មានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងមួយចំនួនទៀតបានប្រើប្រាស់នូវលិខិតអនុញ្ញាតដែលផុតសុពលភាព។

បន្ថែមពីលើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរនេះ ដើម្បីឱ្យស្របតាមប្រកាសលេខ ២០៦ ប្រក.សក.ដជគ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរឱ្យមានប្រសិទ្ធភាព និងតម្លាភាពប្រកបដោយការទទួលខុស ត្រូវខ្ពស់នោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យយកចិត្តទុកដាក់អនុវត្តនូវវិធានការទាំងឡាយដូចជា ទី១៖ ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណាដែល ពុំទាន់បានចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ត្រូវរួសរាន់មកបំពេញបែបបទស្នើសុំចុះបញ្ជី និងសុំអនុញ្ញាតធ្វើអាជីវកម្មស្របទៅតាមច្បាប់ជាធរមាន និងទី២៖ ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណាដែល មានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរផុតសុពលភាព ត្រូវរួសរាន់មកបំពេញបែបបទស្នើសុំអនុញ្ញាតបន្តសុពលភាពធ្វើអាជីវកម្មដឹកអ្នកដំណើរឱ្យស្របទៅតាមច្បាប់ជាធរមាន៕

ប្រភព៖ ក្រសួងព័ត៌មាន