គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត វាលវែង-អូរសោម ដល់ខេត្តកោះកុង សម្រេចបាន ៦៤%ហើយ
សេដ្ឋកិច្ច June 25, 2022 Khmernote

គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់ខេត្តកោះកុង គិតមកទល់ពេលនេះ សម្រេចបានជាង៦៤ភាគរយហើយ ដោយក្រុមការងារនឹងពន្លឿនការសា្ថបនាឱ្យ ហើយនៅពេលឆាប់ៗនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៧,៣៣គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់ខេត្តកោះកុង ជាលទ្ធផល គិតរហូតមកទល់ពេលនេះ ការសាងសង់ផ្លូវនេះសម្រេចបានជាង៦៤ភាគរយហើយ។ បច្ចុប្បន្ន ក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដើម្បីសម្រេចការងារ ឱ្យបានចប់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា ផ្លូវនេះគឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកដល់ការ លើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និង ទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

(សំឡេង)« សម្តេចបានអនុញ្ញាតឱ្យសាងសង់ផ្លូវជាតិលេខ១០នេះឯងអ៊ីចឹងយើងអាចដឹកទំនិញដោយត្រង់តែម្តងមកកំពង់ផែយើងមិនបាច់ដឹកទៅប្រទេសជិតខាងពីរដើមយើងដឹកជញ្ជូនកំពង់ផែឡាំចំបង់ ប៉ុន្តែបើយើងធ្វើផ្លូវនេះហើយទំនិញអាចដឹកពីតំបន់នោះកសិផលមកកំពង់ផែកោះកុងចំណេញពេលវេលាកាត់បន្ថយការចំណាយផងដឹកជញ្ជូនផងក៏ជាចំណេញពេលវេលាអ៊ីចឹងផ្លូវជាតិលេខ១០សំខាន់ណាស់ៗ»។

ឯកឧត្តមបានឱ្យដឹងទៀតថា ផ្លូវនេះលាតសន្ធឹងកាត់ខេត្តកោះកុង ពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង ផ្លូវនេះមិនត្រឹមតែផ្តល់ អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរណ៍ ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិ ជាច្រើន ជាពិសេសព្រៃឈើក្រាស់ៗយ៉ាងស្រស់ស្អាត។

សូមជម្រាបជូនថា គម្រោងផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារ សហអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕